ចែករំលែក

នៅក្នុងព្រះពពុទ្ធសាសនា សត្វនាគ គឺជារឿងដ៏អាថ៌កំបាំងបំផុតមួយ ដែលយើងតែងតែឃើញគ្រប់វត្តអារាមទាំងអស់ សុទ្ធតែមានរូមសំណាក់សត្វនាគ ដោយខ្លះមានក្បាល ៥ និងខ្លះទៀតមានក្បាល ៧ ហើយរឿងដ៏អាថ៌កំបាំងនៃសត្វនាគនេះ ប្រជាជនថៃមានជំនឿខ្លាំងថា សត្វនាគមានពិត ហើយក៏កំពុងរស់នៅក្នុងទន្លេមេគង្គដែរ នេះបើយោងតាមសំដីផ្ទាល់ក្នុងបទសម្ភាសន៍ប្រជាជនថៃ ដែលរស់នៅតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ប្រទេសឡាវ ។

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៥ ខែតុលា គេតែងតែរៀបចំពិធីបុណ្យមួយ ដែលជាពិធីបុណ្យគោរពដល់អំណាចស្ដេចនាគ «ផាយ៉ាណៈ» នៅទន្លេមេគង្គ ដោយគេឲ្យឈ្មោះថាបុណ្យ « Bang Faï Paya Nag» ដែលធ្វើឡើងនៅខេត្ត ណងខៃ (Nongkhaï) ភាគឦសាន ប្រទេសថៃ នៅតាមសន្លទន្លេមេគង្គ ។ មានមនុស្សជាច្រើននាក់ ប្រមូលផ្ដុំគ្នា ដើម្បីរៀបចំពិធីបុណ្យនេះ និងដើម្បីមើលបាតុភូតចម្លែកមួយដែលកើតមានឡើងនៅក្នុងអំឡុងថ្ងៃបុណ្យនេះ ដោយមានពន្លឺភ្លើងហោះចេញពីក្នុងទន្លេសំដៅទៅលើមេឃ ហើយភ្លើងនេះត្រូវបានគេជឿថា ជាភ្លើងពិសសត្វនាគ ដែលខ្ជាក់ចេញជារៀងរាល់មួយឆ្នាំម្ដង ឬគេហៅថា ភ្លើងនៃបារមីសត្វនាគ ។

ដំបូងឡើយ មានអ្នកនេសាទម្នាក់បានឃើញភ្លើងចម្លែកនេះមុនគេ ប៉ុន្តែក្នុងកាលៈទេសៈនោះ គាត់យល់ថាជាពន្លឺភ្លើងនៃកាំភ្លើងធំរបស់ឡាវ ដែលធ្វើសមយុទ្ធយោធា ប៉ុន្តែក្រោយមកទៀតត្រូវបានគេដឹងថា ជាពន្លឺភ្លើងដែលហោះចេញពីទឹកទន្លេមេគង្គតែម្ដង គឺមិនមែនជា ភ្លើងនៃកំភ្លឺធំរបស់ឡាវទេ ។ ក្រោយពីបានដឹងថា ភ្លើងចម្លែកនេះ ហោះចេញពីទន្លេមេគង្គហើយយនោះ ប្រជាជនថៃ និងឡាវ កាន់តែជឿស៊ុបថា វាជាភ្លើងរបស់សត្វនាគប្រាកដណាស់​ នេះបើយោងតាមរឿងទាក់ទងនិងសត្វនាគ ដែលតែងតែប្រមូលផ្ដុំគ្នាខ្ជាក់ពិស រៀងរាល់មួយឆ្នាំម្ដង ។

ក្រៅពីពន្លឺភ្លើងចម្លែកនេះ នៅតំបន់ទន្លេមេគង្គ ដែលមានភ្លើងហោះរៀងរាល់មួយឆ្នាំម្ដងនោះ គេក៏ធ្លាប់បានឃើញសត្វចម្លែកក្នុងទន្លេ ដែលមានសណ្ឋានវែង ប៉ុន្តែគេបានត្រឹមតែឃើញរលកទឹក និងខ្នងលឹមៗប៉ុណ្ណោះ មិនដែលឃើញរូបរាងពិតយ៉ាងណាទេ ។ គ្រប់ភ្ញៀវទេសចរណ៍េជាតិ និងអន្តរជាតិ ដែលតែងតែចូលទៅកម្សាន្តនៅតំបន់ខាងលើនេះ មានគោលបំណងតែមួយគត់ គឺចង់ឃើញសត្វចម្លែក ដែលគេជឿថា សត្វនាគ «ផាយ៉ាណៈ» ដូចនេះហើយពួកគេទាំងនោះ តែងតែអុជធូបបួងសួងសុំឃើញ ចង់ដឹង ចង់ស្គាល់ ។

ទោះជាយ៉ាងណាក្ដី មានអ្នកវិទ្យាសាស្ត្រមួយចំនួនបានបកស្រាយថា ពន្លឺភ្លើងទាំងនោះគឺជាប្រតិកម្មចំហេះគីមីម្យ៉ាង ពោលគឺមិនមែនបារមីសត្វនាគអ្វីទេ ហើយសត្វចម្លែក ដែលគេឃើញនោះ គឺជាប្រភេទត្រីចម្លែក និងកម្រម្យ៉ាងដែលមានរូបរាងវែង (មានរូបរាងដូចសត្វនាគ នៅក្នុងព្រះពុទ្ធសាសនា) ។ ទោះបីជាមានការបកស្រាយ ពីសំណាក់អ្នកវិទ្យសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រជាជន ខ្មែរ ថៃ និងឡាវ (ជាពិសេសថៃ) នៅតែជឿជាក់ថា នៅក្នុងទន្លេមេគង្គមាននាគមួយឈ្មោះ «ផាយ៉ាណៈ» (Phaya Naga) កំពុងរស់នៅ ៕

យុទ្ធ KBN
ប្រភពៈ ម៉ាជីអេឌូបូដា

ចែករំលែក