ចែករំលែក

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ នៅលើសាលាឆាន់ ក្នុងវត្តមួយកន្លែង ក្នុងស្រុកបានដានហយ ខេត្តសុខោថៃ មានប្រជាជនជាង១០០នាក់ បានជួបជុំគ្នា ដើម្បីបណ្តេញព្រះចៅអធិការវត្ត ដែលបានប្រព្រឹត្តអំពើមិនសមរម្យ ល្មើសវិន័យសង្ឃជាច្រើនដងមកហើយ ជាពិសេសរឿងរ៉ាវធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឲ្យបាននោះ គឺការបាញ់កាំភ្លើង ឡើងលើមេឃនៅក្នុងកម្មវិធី បំបួសព្រះសង្ឃផ្សេងៗ ដែលមានការចូលរួមពីក្រុមទាហាន ប៉ូលិស និងក្រុមប្រឹក្សាភូមិឃុំ ចូលរួមស្តាប់ហេតុផល នៃការបណ្តេញនេះផងដែរ។

តំណាងប្រជាជាម្នាក់ បានលើកឡើងថា ចំពោះការមិនពេញចិត្ត ចំពោះប្រជាជន និងចៅអធិការវត្តនេះ មានជាច្រើនឆ្នាំកន្លងមកហើយ រួមទាំងការគ្រប់គ្រងរឿងលុយកាក់ ការមើលថែវត្តនោះ គណៈកម្មការចំណុះជើងវត្ត មិនដែលទទួលបានដំណឹង ឬរបាយការណ៍អ្វី ពីចៅអធិការវត្តរូបនោះឡើយ ហើយព្រះចៅអធិការវត្តរូបនេះ ក៏មិនដែលឲ្យអ្នកណាដឹង រឿងលុយកាក់របស់វត្តទេ មិនតែប៉ុណ្ណោះ ចូលចិត្តយកកាំភ្លើងបាញ់ឡើងលើជាញឹកញាប់ ក្នុងកម្មវិធីផ្សេងៗ ដែលវាពិតជាគ្រោះថ្នាក់យ៉ាងខ្លាំង ប្រសិនបើគ្រាប់កាំភ្លើងធ្លាក់ត្រូវមនុស្សម្នា ក្នុងកម្មវិធីនោះ ។

ទោះជាយ៉ាងណា មានមនុស្សជាច្រើនរយនាក់ បានចូលខ្លួនធ្វើជាសាក្សី បញ្ជាក់ពីអំពើមិនគប្បីទាំងអស់ របស់ព្រះចៅអធិការរូបនោះផងដែរ ។ រហូតមកទល់ពេលនេះ ប្រជាជនបានកោះហៅ ឲ្យទាហានចូលទៅជួយដោះស្រាយ ចំពោះការកិបកេងទ្រព្យសម្បត្តិវត្ត ដូចជាការកសាងខ្លោងទ្វារវត្ត ព្រមទាំងស្នើរសុំឲ្យទាហាន ប៉ូលិសនាំសង្ឃរូបនោះទៅផ្សឹក ព្រោះតែប្រជាជនឈប់ជឿជាក់ទៀតហើយ មិនតែប៉ុណ្ណោះប្រជាជនមានគំរោង បណ្តេញព្រះចៅអធិការរូបនោះ ចេញឲ្យឆ្ងាយពីភូមិស្រុកទៀតផង ៕

ចែករំលែក